តុលាការខេត្តសៀមរាប សម្រេចផ្តន្ទាទោសអ្នកចំរៀងរ៉េបពីរនាក់ ពី៥ខែទៅ១ឆ្នាំកន្លះ ពាក់ព័ន្ធបទញុះញង់

នៅថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២០នេះ សាលាដំបូងខេត្តសៀមរាប បានសម្រេចផ្ដន្ទាទោសអ្នកចម្រៀងរ៉េបពីរនាក់ គឺយុវជន គា សុគុណ និងយុវជន ឡុង ពុទ្ធារ៉ា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

អត្ថបទខ្លីរបស់អង្គការលីកាដូនៅថ្ងៃអង្គារ៍នេះ បានឱ្យដឹងថា យុវជន គា សុគុណ ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ ដោយត្រូវអនុវត្តទោសជាប់ពន្ធនាគារ ១ឆ្នាំ និងទោសនៅសល់ត្រូវបានព្យួរ ។ ដោយឡែកយុវជន ឡុង ពុទ្ធារ៉ា ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៥ខែ ដោយកំពុងអនុវត្តទោស ៣ខែ ១១ថ្ងៃ ហើយទោសនៅសល់ត្រូវបានព្យួរ ។

អង្គការលីកាដូ បន្តថា គិតត្រឹមតាំងពីពេលចាប់ខ្លួនលោក គា សុគុណ អាយុ ២២ឆ្នាំ និងយុវជន ពុទ្ធារ៉ា អាយុ ១៧ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ និងត្រូវដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ពាក់ព័ន្ធនឹងទំនុកច្រៀងក្នុងបទចម្រៀងរ៉េប ដែលពួកគេបានផលិតឡើងបង្ហោះតាមបណ្ដាញសង្គម ដែលបានរិះគន់ទៅលើបញ្ហាសង្គមដូចជា សេដ្ឋកិច្ច ពលរដ្ឋចំណាកស្រុក និងបញ្ហាព្រំដែនប្រទេសកម្ពុជា ជាដើម ។

ប្រភពដដែលបន្ថែមថា ពាក្យបណ្ដឹងប្រឆាំងនឹងអ្នកចម្រៀងរ៉េបទាំងពីរ ត្រូវបានធ្វើឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

អំឡុងពេលសវនាការរបស់អ្នកទាំងពីរ លីកាដូអះអាងថា យុវជន ពុទ្ធារ៉ា បានយល់ស្របជាមួយមេធាវីតំណាងក្រសួងវប្បធម៌ថា វាជាកំហុសរបស់ខ្លួននៅពេលចេញផ្សាយចម្រៀងអំពីបញ្ហាសង្គមទាំងនេះ។

ទោះបីជាយ៉ាងនេះក្តី សម្រាប់យុវជន គា សុគុណ នៅតែរក្សាជំហររបស់ខ្លួនថា លោកគ្មានអ្វីត្រូវសុំទោសនោះទេ និងបានបដិសេធនូវការលើកឡើងរបស់មេធាវីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផងដែរ ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សដដែលបញ្ជាក់ថា យុវជន ឡុង ពុទ្ធារ៉ា ត្រូវបានកំណត់ឱ្យដោះលែងពីពន្ធនាគារនៅថ្ងៃនេះវិញតែម្តង ក្រោយទទួលស្គាល់កំហុស។ ប៉ុន្តែសម្រាប់យុវជន គា សុគុណ នឹងត្រូវដោះលែងឱ្យមានសេរីភាពវិញនៅខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីលោកបានបដិសេធនូវការចោទប្រកាន់របស់ក្រសួង និងនៅតែប្រកាន់ជំហរថាខ្លួនគ្មានកំហុសឡើយ។

បទចម្រៀងរ៉េបដែលយុវជនទាំងពីរនាក់បានច្រៀង រួមមាន បទចម្រៀងដែលមានចំណងជើងថា «សាសន៍កំសត់» និង «ដីខ្មែរ» ដែលមានអ្នកចូលមើលជាង២លានដងនៅលើបណ្តាញសង្គមយូធូប (YouTube) និងមានការចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

អ្នកចម្រៀងរ៉េបទាំងពីររូប ត្រូវបានអាជ្ញាធរចាប់ខ្លួនដំណាលគ្នាទៅនឹងសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ព្រមទាំងអ្នកនយោបាយ ក្រោយមានការចាប់ខ្លួនប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន កាលពីចុងខែកក្កដា រួចមក។

អង្គការលីកាដូធ្លាប់បញ្ជាក់នៅខែកញ្ញាថា ចាប់តាំងពីមានការចាប់ខ្លួនលោក រ៉ុង ឈុន មក អាជ្ញាធរបន្តចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន អ្នកចម្រៀងរ៉េប ព្រមទាំងសកម្មជននយោបាយ មានចំនួនជិត២០នាក់ពេលនោះ ដោយគ្រាន់តែពួកគេបានប្រើប្រាស់នូវសិទ្ធិស្របច្បាប់របស់ពួកគេតែប៉ុណ្ណោះ៕  

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.