អ្នកឃ្លាំមើលសង្គម សាទរចំពោះការជំរុញឱ្យមានវិធានការប្រឆាំងជនពុករលួយ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា ពីសំណាក់សមាជិកសភាសហព័ន្ធរបស់អូស្ត្រាលី

អ្នកឃ្លាំមើលបញ្ហាសង្គមកម្ពុជា បានលើកឡើងថា ការជំរុញឱ្យមានវិធានការផ្សេងៗ ដើម្បីប្រឆាំងជនពុករលួយ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា ពីសំណាក់សមាជិករដ្ឋសភាសហព័ន្ធអូស្រ្តាលី គឺជារឿងល្អនិងចាំបាច់បំផុត។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការលើកឡើងរបស់សមាជិករដ្ឋសភាសហព័ន្ធអូស្ត្រាលី លោក ជូលាន ហ៊ីល (Jullian Hill) ពាក់ព័ន្ធបញ្ហាច្បាប់ Magnitsky គឺជាការដាក់សម្ពាធបន្ថែមទៀតមកលើមន្រ្តីនៃរដ្ឋាភិបាលលោកហ៊ុន សែន។ លោកបន្តថា សម្ពាធនោះ អាចជួយទប់ស្កាត់នូវអំពើកង្វក់នានា ពិសេសទប់ស្កាត់អំពើពុករលួយ ការលាងលុយកង្វក់ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាជាដើម។

ការលើកឡើងរបស់លោក ម៉ែន ណាត បែបនេះ ក្រោយពេលសមាជិករដ្ឋសភាសហព័ន្ធអូស្ត្រាលី លោក ជូលាន ហ៊ីល កាលពីថ្ងៃទី២០ខែធ្នូនេះ បានជំរុញទៅរដ្ឋាភិបាលអូស្ត្រាលីគិតគូរពីវិធានការ ឬទណ្ឌកម្មផ្សេងៗ ប្រឆាំងទៅនឹងមន្ត្រីនៃរដ្ឋាភិបាល លោកហ៊ុន សែន ទាំងឡាយណាដែលប្រព្រឹត្តអំពើពុករលួយ។ ការបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សផងដែរ។

វិធានការទាំងនោះ លោកក៏ចង់ឱ្យមានច្បាប់ដាក់ទណ្ឌកម្មផ្សេងៗ ដូចជាច្បាប់  MagnatsKy Act  ដែលត្រូវបានស្នើឡើងចេញជារូបរាងឆាប់ៗ ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក ឬបណ្តាប្រទេសដែលមានច្បាប់នេះសម្រាប់ប្រើប្រាស់ប្រឆាំងជនពុករលួយឬ រំលោភសិទ្ធិមនុស្សមកពីកម្ពុជា។ 

ក្នុងសេចក្តីថ្លែងការណ៍នោះ លោក ជូលាន ហ៊ីល បានលើកឡើងថានៅប្រទេសកម្ពុជាសិទ្ធិមនុស្សត្រូវបានលុបបំបាត់។ លោក ហ៊ុន សែន ក្រុមគ្រួសាររបស់គាត់ និងឥស្សរជនគណបក្សប្រជាជនកម្ពុជា បានក្លាយជាអ្នកមានស្តុកស្តម ដោយអំពើពុករលួយដែលបានមកការកេងប្រវ័ញ្ចពលរដ្ឋខ្មែរ។

លើសពីនេះ ករណីរំលោភយកដីធ្លីពលរដ្ឋ ដែលជាឆ្នាំងបាយរបស់ ពលរដ្ឋ ព្រមទាំងការបង្ក្រាបសំឡេងប្រឆាំង និងបំផ្លាញលទ្ធិប្រជាធិបតេយ្យជាដើម។ លោកថា ជនដែលទទួលបានផលចំណេញពីអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សមិនគួរស្វែងរកទីជម្រក និងការរស់នៅក្នុងប្រទេសអូស្ត្រាលីឡើយ។

លោកបន្តថា ប្រទេសកម្ពុជាផ្តល់ឱ្យយើងនូវឧទាហរណ៍មួយ នៃការអនុវត្តច្បាប់ Magnitsky ដែលបានស្នើឡើងកាលពីពេលថ្មីៗនេះ។

លោក ជូលាន ហ៊ីល បានរំលឹកថា កាលពីខែមុនអង្គការសិទ្ធិមនុស្ស ចំនួន ៥៧ អំពាវនាវឱ្យរដ្ឋាភិបាល កម្ពុជាបញ្ឈប់ការចាប់ខ្លួនការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាក់ទង នឹងអ្នកសារព័ត៌មាន។

លោកថា ប្រសិនបើអូស្រ្តាលី មិនមានច្បាប់ Magnitsky ឬមិនមានវិធានការគ្រប់គ្រាន់ទេ  អូស្រ្តាលីគឺជាកន្លែងល្អបំផុតសម្រាប់គណបក្សកាន់អំណាច និងជាឧទ្យានលាក់ខ្លួន ឬលាក់លុយរបស់ជនរំលោភអំណាច និងជនពុករលួយ។

លោក ម៉ែន ណាត ថា ករណីនេះ រដ្ឋាភិបាលកម្ពុជាគប្បីប្រញាប់ប្រញាល់រកផ្លូវដោះស្រាយបញ្ហានយោបាយនៅក្នុងកម្ពុជា ដោយងាកទៅរកកិច្ចចរចានយោបាយពីគ្រប់ភាគី ស្វែងរកឯកភាពជាតិ ដើម្បីដឹកនាំនាវាកម្ពុជាឱ្យមានកិត្តិយសនៅលើឆាកអន្តរជាតិ និងដើម្បីជាប្រយោជន៍សម្រាប់ពលរដ្ឋ និងប្រទេសជាតិ។

លោកបន្តថា ការជំរុញឱ្យមានវិធានការប្រឆាំងមន្ត្រីខិលខូច និងរំលោភសិទ្ធិមនុស្សកម្ពុជា ពីសំណាក់អូស្ត្រាលីនោះ ក៏ជាប្រយោជន៍ និងការពារសេចក្តីថ្លៃថ្នូរបស់កម្ពុជា។

លោកក៏ចង់ឃើញការជំរុញច្បាប់ដាក់ទណ្ឌកម្មរបស់អូស្ត្រាលី និងបណ្តាប្រទេសផ្សេងទៀត ឲ្យឆាប់ចេញជារូបរាង ដើម្បីជាសម្ពាធមួយទៅលើរដ្ឋាភិបាលលោកហ៊ុន សែន ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងមានការគោរពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា។

ចាប់តាំងពីចុងឆ្នាំ២០១៨មក មន្ត្រីជាន់ខ្ពស់ និងជាមនុស្សស្និតលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាច្រើនរូបត្រូវបានសហរដ្ឋអាមេរិកតាមរយៈច្បាប់ Magnitsky ACT នេះ ដាក់ទណ្ឌបង្កកទ្រព្យសម្បត្តិ  ហាមមិនឱ្យក្រុមហ៊ុនអាមេរិករកស៊ីជាមួយ និងមិនអាចជាន់ដីអាមេរិកបាន។

មន្ត្រីស្និតនឹងលោកហ៊ុន សែន ទាំងនោះ រួមមានប្រធានកងអង្គរក្សលោកហ៊ុន សែន គឺ លោក ហ៊ីង ប៊ុនហៀង ។ ឈ្មួញរកស៊ីឈើដ៏ល្បីល្បាញនៅកម្ពុជា អ្នកឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនជាច្រើនរបស់                លោក។ អតីតនាយឧត្តមសេនីយ៍ផ្តាយមាសបួន និងជានាយសេនាធិការចម្រុះនៃកងយុទ្ធពលខេមរភូមិន្ទ លោក គន់ គីម និងសមាជិកគ្រួសាររបស់លោក។ ក្រុមហ៊ុនញូញៀនគ្រុបឬ UDG របស់ចិន ដែលកំពុងវិនិយោគតំបន់ទេសចរណ៍នៅខេត្តកោះកុង ជាដើម៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.