ក្រុមពលករខ្មែរថា មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង មិនបានយកចិត្តទុកដាក់ពីសុខទុក្ខ និងការស្លាប់របស់ពលករខ្មែរ

ក្រុមពលករខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ទាមទារ មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសនេះ ឲ្យស្វែងរកមូលហេតុពិតនៃការស្លាប់ពលករខ្មែរដែល បានស្លាប់ជាហូរហែរដោយអយុត្តិធម៌អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ប្រធានចលនាយុវជនបក្សសង្រ្គោះជាតិ លោក យឹម ស៊ីណន បានសរសេរលើទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃនេះថា ករណីពលករខ្មែរដែលបានស្លាប់លើទឹកដីកូរ៉េខាងត្បូងនេះ មិនមែនជាករណីសាមញ្ញធម្មតា ហើយក៏មិនមែនទើបនឹងកើតឡើងនោះដែរ ប៉ុន្តែករណីនេះបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក អះអាងថា នៅពេលរដូវត្រជាក់ឈានចូលមកដល់យ៉ាងហោចណាស់មានពលករខ្មែរស្លាប់ ២ ទៅ៤នាក់ជារៀងរាល់ឆ្នាំ  រីឯមូលហេតុពិតនៃការស្លាប់ទាំងនោះ គឺបញ្ចាក់អាចត្រឹមតែថា បណ្តាលមកពីការគាំងបេះដូង ខណៈមន្ត្រីស្ថានទូតខ្មែរក៏មិនដែលស្នើឲ្យមានការស៊ើបអង្កេតពីអាជ្ញាធរ និងស្ថាប័នពាក់ពន្ធ័កូរ៉េ ឲ្យស្វែងរកមូលហេតុពិតជាក់ស្តែងនោះឡើយ។

លោក អះអាងថា ដើម្បីទប់ស្កាត់ និងបង្ការនូវការដេកស្លាប់របស់ពលករខ្មែរ មន្ត្រីស្ថានទូតខ្មែរត្រូវតែចូលរួមឲ្យសកម្ម និងខ្លាំងខ្លាបំផុតក្នុងការផ្សព្វផ្សាយអប់រំពីវិធីងាយៗ ដែលណែនាំដោយគ្រូពេទ្យ ឬអ្នកជំនាញក្នុងការបន្សុតខ្យល់ក្នុងបន្ទប់គេង របៀបអនាម័យ និងរបៀបប្រើប្រាស់កំដៅឲ្យស្របនឹងចរន្តអាកាសធាតុជាដើម ជាជាងយកពេលវេលាម៉ោងការងារដ្ឋទៅ ធ្វើការបណ្តុះមនោគមវិជ្ជាបក្សរបស់ខ្លួនទៅលើពលករខ្មែរទាំងនោះ។

លោក យឹម ស៊ីណន ជុំរុញ ឲ្យមន្ត្រីស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ចុះធ្វើការសើបអង្កេតដោយផ្ទាល់លើករណីពលករខ្មែរដែលបានស្លាប់កន្លងមក ហើយត្រូវដាក់ពាក្យប្តឹងជាផ្លូវការណ៍ដល់ថៅកែ កសិដ្ឋានទៅតាមផ្លូវច្បាប់ប្រទេសកូរ៉េ ដើម្បីទាមទាររកយុត្តិធម៌ជូនពលករកម្ពុជា បើសិនក្រោយការធ្វើកោលសវិច្ចយ័របស់អាជ្ញាធរកូវរ៉េបង្ហាញថា ការស្លាប់នោះបណ្តាលមកពីការធ្វេសប្រហែសរបស់ថៅកែក្រុមហ៊ុនមែននោះ។

ការអះអាងនេះធ្វើឡើង ដើម្បីទាមទារឲ្យមន្ត្រីស្ថានទូតខ្មែរលោក ឡុង ឌីម៉ង់ យកចិត្តទុកដាក់ និងស្វែងរកយុត្តិធម៌ជូនពលករខ្មែរដែលបានធ្វើការ និងបានបាត់បង់ជីវិតក្នុងប្រទេសកូរ៉េខាងត្បូងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

សារព័ត៌មានរបស់សាធារណរដ្ឋកូរ៉េ News 1 បានចុះផ្សាយ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះថា មានស្រ្តីខ្មែរម្នាក់ឈ្មោះ សុខ ខេង ដែលធ្វើការផ្នែកកសិកម្មក្នុងកសិដ្ឋានកសិកម្មមួយដែលស្ថិតក្នុង ខេត្ត                    ផូឆុន ខ្យុងហ្គីដូ ដែលបានដេកស្លាប់នៅក្នុងបន្ទប់តង់កៅស៊ូ ក្រោមរលកត្រជាក់ ដក 20 អង្សាសេ។

ប្រភពដដែលបានអះអាងថា ការស្លាប់នេះ ត្រូវគេសង្ស័យថា ដោយសារថៅកែមិនបានយកចិត្តទុកដាក់ និងផ្គត់ផ្គង់កន្លែងស្នាក់នៅ បានត្រឹមត្រូវ ជាពិសេសរៀបចំឲ្យមានប្រព័ន្ធកំដៅក្នុងបន្ទប់ជាដើម ។ រហូតមកទល់ពេលនេះ អាជ្ញាធរកូរ៉េកំពុងធ្វើការពិសោធន៍រកមូលហេតុពិតនៃកាស្លាប់នេះ។

ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា មន្ត្រីស្ថានទូតខ្មែរ លោក ឡុង ឌីម៉ង់ដែលកំពុងប្រចាំការនៅប្រទេសកូរ៉េខាងត្បូង មិនបានធ្វើការងារក្នុងនាមជាមន្ត្រីទូតរបស់កម្ពុជាដើម្បីមើលការខុសត្រូវលើពលករដែលជាជនជាតិរបស់ខ្លួននោះទេ តែមន្ត្រីទូតរូបនេះបានយកឱកាសនេះដើរបញ្ចុះបញ្ចូលយយុវនខ្មែរដែលកំពុងបម្រើការនៅប្រទេសកូរ៉េឲ្យគាំទ្របក្សកាន់អំណាចទៅវិញ។

សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចសុំការបំភ្លឺ ពីលោក ឡុង ឌីម៉ង ជុំវិញការចោទប្រកាន់នេះបាននៅឡើយទេ។

កាលពីដើមឆ្នាំ២០២០ របាយការណ៍ក្រសួងការងាររបស់កម្ពុជា អះអាងថា ពលករខ្មែរដែលកំពុងបម្រើការនៅប្រទេសកូរ៉េខាងត្បូងប្រមាណ ជិត ៥ម៉ឺននាក់ហើយ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.