កម្ពុជាប្តេជ្ញាគោរពតាមឱ្យបានពេញលេញនូវរាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្តីពីព្រំដែនជាមួយវៀតណាម ខណៈក្រុមអ្នកឃ្លាំមើលសំដែងការសោកស្តាយ និងព្រួយបារម្ភ

មន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា អះអាងថា កម្ពុជាប្តេជ្ញាចំពោះរដ្ឋាភិបាលក្រុងហាណូយថា ខ្លួននឹងគោរពតាម និងអនុវត្តឲ្យបានពេញលេញនូវបណ្តាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្តីពីព្រំដែនដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន លើកឡើងថា មន្ត្រីរដ្ឋាភិបាលកម្ពុជានិងវៀតណាម ជំរុញ លើកទឹកចិត្តដល់គណៈកម្មាធិការចម្រុះខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ ឲ្យធ្វើការកាន់តែជិតស្និទ្ធ ដើម្បីបង្កើនកិច្ចពិភាក្សាឲ្យកាន់តែសកម្មបន្ថែមទៀត។

លោក អះអាងថា ការធ្វើដូច្នេះ គឺដើម្បីរកដំណោះស្រាយព្រំដែនដែលអាចទទួលយកបាននៃប្រទេសទាំងពីរដោយអនុលោមតាមច្បាប់អន្តរជាតិ។ ចំពោះព្រំដែនគោកដែលនៅសល់ចំនួន១៦%ទៀត ខណៈភាគីទាំងពីរមិនទាន់ព្រមព្រៀងកំណត់ខណ្ឌសីមានៅឡើយ។

លោកថា ប្រទេសទាំងពីបានវាយតម្លៃខ្ពស់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរដែលបានរួមសហការគ្នាកន្លងមក។

កិច្ចសហការទាំងនោះ រួមមាន ការផ្តល់អាហារូបករណ៍ ការរៀបចំបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា សិក្ខាសាលា ឬសន្និសិទស្តីពីការថែទាំសុខភាព ពីរដ្ឋាភិបាលវៀតណាម គឺជាការកិច្ចសហការដែលមិនអាចខ្វះបាន។

ការអះអាងនេះធ្វើឡើងក្រោយកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា វៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះ។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហ៊ុន សែន យល់ព្រមនឹងសំណើរ របស់រដ្ឋាភិបាលវៀតណាម ថានឹងពន្លឿន នីតិវិធីដើម្បីផ្លាស់ប្តូរលិខិតូបករណ៍ លើការផ្តល់សច្ចាប័ននៃការផ្តល់សន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារឆ្នាំ២០១៩ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ លើសពីនេះ នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរផែនទីឋានលេខាព្រំដែនរវាងកម្ពុជា-វៀតណាមជាកិច្ចការចំបាច់បំផុត។

ជាងនេះទៀត រដ្ឋការក្រុងហាណូយ លោក ង្វៀន សួនហ្វុក និងរដ្ឋការក្រុងភ្នំពេញលោក ហ៊ុន សែន បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយកំណាត់ព្រំដែន ដែលនៅសេសសល់ចំនួន១៦%ទៀត ដើម្បីប្រែក្លាយព្រំដែនកម្ពុជា-វៀតណាមជាព្រំដែនសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន សែន បានអួត ថា ក្រោមការបង្កើតខ្សែបន្ទាត់ព្រំដែនថ្មីដោយប្រើផែនទីខ្នាត ១/២៥.០០០ ដែលបានបង្កើតមកពីផែនទីបោនខ្នាត១/១០០.០០០ ដែលបានបោះពុម្ពនៅប្រទេសវៀតណាម កម្ពុជាបានចំណេញដីពីខាងភាគីវៀតណាមដល់ទៅ ២០០០ ហិកតា ឯណោះ។

ទាក់ទិននឹងបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់ The Cambodia Daily នៅថ្ងៃនេះថា លោកពិតជាមានការសោកស្តាយណាស់ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ព្យាយាមបន្តអនុវត្តសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ជាមួយវៀតណាមអំពីបញ្ហាព្រំដែននេះ។  

លោកបន្តថា បើទោះបីជា លោក ហ៊ុន សែន ដឹងយ៉ាងច្បាស់ថា កិច្ចព្រមព្រៀង និង សន្ធិសញ្ញាទាំងនោះគឺជាការបន្តកាត់ឆ្វៀលទឹកដីរបស់កម្ពុជាឲ្យទៅវៀតណាមបន្ថែមទៀតយ៉ាងណាក៏ដោយ។

លោក បញ្ជាក់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែធ្វើមោឃភាព ឬនារាករណ៍ទៅលើសន្ធិសញ្ញា និងឯកសារមិនស្របច្បាប់នានា ដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ព្រមទាំងមិនស្របនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីបើកផ្លូវក្នុងការប្តឹងប្រទេសវៀតណាម ទៅតាមយន្តការអន្តរជាតិជាធរមាន។

យ៉ាងណាក៏ដោយ លោក ម៉ែន ណាត អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាព្រំដែននេះ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ធ្វើជាគោលការណ៍ក្នុងការពិភាក្សាជាមួយភាគីវៀតណាម។ លើសពីនេះទៀត រដ្ឋាភិបាលត្រូវអំពាវនាវឲ្យមានការចូលរួមដឹងលឺពី អ្នកសារព័ត៌មានឯករាជ្យ ព្រមទាំងគណបក្សប្រឆាំងផងដែរ ដើម្បីលុបបំបាត់ការសង្ស័យរបស់ពលរដ្ឋដែលម្ចាស់ប្រទេស។

ក្រុមអ្នកឃ្លាំមើលសង្គម ព្រួយបារម្ភថាកម្ពុជាអាចនឹងត្រូវរលាយបាត់ពីផែនទីពិភពលោកទៅថ្ងៃអនាគតមិនខានឡើយ ត្បិតកម្ពុជាមិនត្រឹមតែរងនូវវិបត្តិខ្សែព្រំដែនមិនរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រឈមនឹងការបាត់ប្រទេសទាំងមូលថែមទៀតផង។ ពួកគេថា បញ្ហានេះ ដោយសារ ពួកគេសង្កេតឃើញថា មានការប្រឹងប្រែងលុបដានប្រវត្តិសាស្ត្រព្រំដែន កម្ពុជា-វៀតណាម ដោយរំលោភបំពានលើខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង១២៧០គីឡូម៉ែត្រ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលសរុបចំនួន ៣១៤ បង្គោល ស្មើនឹង៨៤%  ខណៈ១៦% ទៀត នៅមិនទាន់ឯកភាពគ្នានៅឡើយ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.