អ្នកវិភាគថា មេដឹកនាំបីរូប ជាផ្កាយចង្រៃបង្ខូចមុខមាត់ និងតម្លៃរបស់អាស៊ាន ទាំងមូល

អ្នកវិភាគនយោបាយនៅក្រៅប្រទេសអះអាងថា លោក ហ៊ុន សែន នៅកម្ពុជា លោក ប្រាយុត ចាន់អូចា នៅប្រទេសថៃ និងលោក មិន អូង ហ្លាំង នៅប្រទេសភូមា គឺជាផ្កាយរាសីខ្មៅ ឧបទ្រពចង្រៃ ដែលធ្វើឱ្យខូចដល់តម្លៃស្នូលរបស់អាស៊ានទាំងមូល។ 

សរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២១នេះ អ្នកវិភាគនយោបាយលោក កឹម សុខ អះអាងថា មេយោធាភូមា មិនអូង ហ្លាំង ទំនងជាកំពុងព្យាយាមរកគន្លឹះ ប្ដូរមុខមាត់អំណាចរដ្ឋប្រហារប្រដាប់អាវុធ ដោយប្រើប្រាស់វិធីរដ្ឋប្រហារអចិន្ត្រៃយ៍ របៀបដូចមេយោធាលោក ហ៊ុន សែន ដែលបានធ្វើនៅកម្ពុជា ហើយបានអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន។

លោកបន្ថែមថា មេយោធាកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាកំពុងតែស្រមៃចង់ឲ្យល្បែងអំណាចរបស់ពួកយោធាភូមា ឈ្នះលើពលីកម្មតស៊ូប្រាថ្នាចង់បានប្រជាធិបតេយ្យពិតប្រាកដរបស់ពលរដ្ឋភូមាផងដែរ ។

លោកអះអាងថា នេះជាអ្វីដែលលោក ហ៊ុន សែន អាចគិតបារម្ភថា បើល្បែងអំណាចរបស់ពួកយោធាភូមា ចាញ់ការតស៊ូរបស់ពលរដ្ឋភូមាវិញ គឺប្រៀបដូចជាការលើកទឹកចិត្តដល់មហាជនខ្មែរ ឲ្យហ៊ានងើបប្រើសិទ្ធិស្របច្បាប់ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ តស៊ូដូចនៅប្រទេសភូមាដែរ ។

រហូតមកទល់ពេលនេះ រដ្ឋជាសមាជិកនៃសមាគមអាស៊ាន រួមមានប្រទេសម៉ាឡេស៊ី តាមរយៈសំឡេងសមាជិកសភារបស់ខ្លួន និងគណៈកម្មការសិទ្ធិមនុស្សសភាអាស៊ាន ចង់ឲ្យមានវិធានការទណ្ឌកម្ម ដកប្រទេសភូមា ក្រោមអំណាចមេយោធា មិន អូង ហ្លាំង ចេញពីសមជិកអាស៊ាន។ ដោយឡែក  អតីតបិតាស្ថាបនិកប្រទេសសិង្ហបុរីទំនើប លោក លី ខ្វាន់យូរ ក៏ធ្លាប់ជម្រុញឲ្យដកប្រទេសកម្ពុជា ក្រោមអំណាច របស់លោក ហ៊ុន សែន ចេញពីសមាជិកអាស៊ានផងដែរ ។

លោក គឹម សុខ អះអាងថា របបនយោបាយយោធានិយមផ្ដាច់ការទាំង៣ គឺលោក ហ៊ុន សែន នៅកម្ពុជា លោក ប្រាយុត ចាន់អូចា នៅថៃ និង លោកមិន អូងហ្លាំង នៅភូមា គឺជាផ្កាយរាសីខ្មៅ ដែលរះដើម្បី បង្ខូចមុខមាត់ និងតម្លៃអាស៊ានទាំងមូល ។

លោកប្រាយុត បានដឹកនាំកម្លាំងយោធារបស់ខ្លួនធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់ របស់អ្នកស្រី យីង ឡាក់ កាលពីខែឧសភាឆ្នាំ២០១៤ ហើយដឹកនាំប្រទេសបែបយោធារហូតមកដល់ពេលបច្ចុប្បន្ន បើទោះបីជាពេលខ្លះមានការបោះឆ្នោតបែបបង្គ្រប់កិច្ចនៅក្នុងពេលដឹកនាំរបស់លោកក្តី។

ដោយឡែក កាលពីខែកក្កដា ឆ្នាំ១៩៩៧ លោកហ៊ុន សែន ដែលមានតំណែងជានាយករដ្ឋមន្ត្រីទី២ កាលនោះ បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១ ។

នាអាណត្តិក្រោយៗមកទៀត ការបោះឆ្នោតជាតិម្តងៗ គណបក្សប្រឆាំងតែងជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោត ដោយអះអាងថាមានការលួចបន្លំ និងការធ្វើរដ្ឋប្រហារធម្មនុញ្ញពីសំណាក់ក្រុមលោកហ៊ុន សែន រហូតដល់មានព្រឹត្តិការណ៍ចាប់ខ្លួនមេបក្សសង្រ្គោះជាតិ លោក កឹម សុខា កាលពីឆ្នាំ២០១៧ ដាក់គុក  និងរំលាយបក្សប្រឆាំងដ៏ធំមួយនេះ ព្រមទាំងដកតំណែងមន្ត្រីបក្សនេះ និងហាមមន្ត្រីជាន់ខ្ពស់បក្សសង្រ្គោះជាតិ១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ហើយរៀបចំការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ដោយគ្មានវត្តមានគណបក្សប្រឆាំងទៀតផង។

ព្រឹត្តិការណ៍ទាំងនោះ ត្រូវបានលោក គឹម សុខ ឱ្យឈ្មោះលោកហ៊ុន សែន ថាជាមេរដ្ឋប្រហារអចិន្ត្រៃយ៍នៅកម្ពុជា។

រីឯព្រឹត្តិការណ៍នៅភូមា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមសេនីយ៍យោធាប្រទេសភូមាលោក មីន អួង ហ្លាំង បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយអ្នកស្រី អ៊ុង សានស៊ូជី ដែលបានឈ្នះការបោះឆ្នោតជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។

ចាប់តាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ប្រជាជនភូមា គ្រប់និន្នាការ ជាពិសេស មន្ត្រីរដ្ឋការ បាននាំគ្នាចេញមកចូលរួមធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋប្រហារយោធាមួយនេះ។ លើសពីនេះ ចាប់តាំងពីថ្ងៃទី១៥ ខែកុម្ភៈ មក រដ្ឋាភិបាលយោធាភូមា បានបាញ់ប្រហារលើក្រុមបាតុករ ដើម្បីបំបែកបាតុកម្មនោះ បណ្តាលឲ្យហ្វូងបាតុករស្លាប់ចំនួនកើនឡើង។

លោកបណ្ឌិតឡៅ ម៉ុងហៃ បានលើកឡើងលើគណនីហ្វេសប៊ុកកាលពីសប្តាហ៍មុនថា ប្រទេសភូមា អាចនឹងមានការបង្ហូរឈាមដូចឆ្នាំ១៩៨៨ជាថ្មីទៀត។

បញ្ហានេះ លោកស្នើឱ្យរដ្ឋាភិបាលខ្មែរ សហការជាមួយរដ្ឋាភិបាលប្រទេសអាស៊ានដទៃទៀត ធ្វើអន្តរាគមន៍ជាមួយរដ្ឋាភិបាលយោធាភូមា សុំឱ្យមានភាពអត់ធ្មត់ ជៀសវាងកុំឱ្យមានការបង្ហូរឈាមដូចកាលពី៣០ឆ្នាំមុន។ កាលពីថ្ងៃទី៨ខែសីហា ឆ្នាំ១៩៨៨ ដែលគេហៅថាព្រឹត្តិការណ៍៨បួនដងឬ ៨៨៨៨ ដែលមានការធ្វើកូដកម្ម និងបាតុកម្មទូទាំងប្រទេសភូមា ប្រឆាំងរបបយោធា និងទាមទារឱ្យមានរបបប្រជាធិបតេយ្យវិញ។ កាលនោះ ក្រុមយោធាបានបាញ់បាតុករ ដែលប្រឆាំងនឹងរបបយោធាបណ្តាលឱ្យក្រុមបាតុករស្លាប់រាប់រយនាក់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.