សហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យកម្ពុជា កាត់ទោសជនល្មើស និងការពារជនរងគ្រោះ ចំពោះករណីជួញដូរមនុស្ស

សហរដ្ឋអាមេរិក តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំកម្ពុជាលោកPatrick Murphy បានលើកឡើងថា ការជួញដូរមនុស្សគឺធ្វើឱ្យប៉ះពាល់លើ មនុស្សគ្រប់រូបនៅលើផែនដី។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យកម្ពុជាធ្វើការកាត់ទោសជនល្មើស និងការពារជនរងគ្រោះចំពោះអំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។ សហរដ្ឋអាមេរិកថា វិធានការនេះ ដើម្បីការពារកុំឲ្យមានបទល្មើសជួញដូរមនុស្សតទៅទៀត។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ បានសរសេរថា ឯកអគ្គរដ្ឋទូតរបស់ខ្លួនលោក Patrick Murphy មានការប្រជុំប្រកបដោយផ្លែផ្កាជាមួយ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង នៅសប្តាហ៍នេះ។

ប្រភពដដែលបន្តថា ពួកគេទាំងពីរ បាននិយាយគ្នាពីសារសំខាន់នៃការពង្រឹងការអនុវត្តច្បាប់ទាក់ទងនឹងការកេងប្រវ័ញ្ច ការជួញដូរមនុស្ស និងការធ្វើការងារជាមួយគ្នា ដើម្បីលើកកម្ពស់សេរីភាពនៃការចងក្រងគ្នាជាក្រុមសមាគម និងគុណតម្លៃស្នូលដទៃទៀតនៃពលកម្មនៅកម្ពុជា។

បញ្ហានេះ អាមេរិកអះអាងថា មន្ត្រីរបស់ខ្លួនបានទាក់ទងទៀងទាត់ជាមួយភាគីខាងរដ្ឋាភិបាលកម្ពុជា ស្តីពីការខិតខំដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ប្រទេសមហាអំណាចលោកសេរីដដែល មានជំជឿថា ទំនាក់ទំនងពាណិជ្ជកម្មគួរតែផ្តល់ប្រយោជន៍ទៅវិញទៅមក ដោយមានតម្លាភាព ហើយគោរពតាមបទដ្ឋានខ្ពស់បំផុត ដោយរួមទាំងសិទ្ធិការងារផងដែរ។

ប្រភពដដែលអះអាងថា អស់រយៈពេល ២០ ឆ្នាំមកហើយ ដែលកម្មវិធីរោងចក្រល្អ របស់អង្គការពលកម្មពិភពលោក ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងរដ្ឋាភិបាលកម្ពុជា បានជួយកាត់បន្ថយពលកម្មកុមារ ហើយធ្វើឲ្យមានលក្ខខ័ណ្ឌសិទ្ធិការងារល្អ នៅក្នុងរោងចក្រសម្លៀកបំពាក់សម្រាប់ការនាំចេញ។

កម្មវិធីនេះ បានក្លាយជាបែបផែនគំរូសម្រាប់កន្លែងដទៃ នៅក្នុងពិភពលោក ដែលជាជោគជ័យមួយ ហើយអាមេរិកសង្ឃឹមថា កម្មវិធីនេះនឹងពង្រីកដល់វិស័យទំនិញសម្រាប់ការធ្វើដំណើររបស់កម្ពុជា។

សហរដ្ឋអាមេរិក បន្ថែមថាសិទ្ធិការងារគឺជាសិទ្ធិមនុស្សជាមូលដ្ឋាន។ សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាមានគោលដៅរួម ក្នុងការកាត់បន្ថយពលកម្មកុមារ និងការធ្វើពលកម្មដោយបង្ខំ ដោយរួមទាំងទម្រង់នៃទាសភាពសម័យទំនើប ដូចជាទាសភាពបំណុលជាដើម។

អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ដែលសហរដ្ឋអាមេរិកអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្ម តាមរយៈកម្មវិធីនៃប្រព័ន្ធអនុគ្រោះទូទៅឬGSP ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍ នៅក្នុងការបង្កើនពាណិជ្ជកម្មរបស់កម្ពុជាផង។ ចាប់តាំងពីបំពេញបានតាមលក្ខខ័ណ្ឌកំណត់ កម្ពុជាបានទាញយកប្រយោជន៍ពេញលេញពីកម្មវិធីនេះ ហើយបានបង្កើតការងាររាប់ពាន់ និងបង្កើនឱកាសផ្នែកពាណិជ្ជកម្មទៀតផង។

យ៉ាងណាអាមេរិកនិយាយថា អត្ថប្រយោជន៍ទាំងនេះមានលក្ខខ័ណ្ឌ  គឺកម្ពុជាត្រូវបានប្រកាន់តាមជំហានក្នុងការលើកកម្ពស់ និងការពារសិទ្ធិកម្មករដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ កាត់បន្ថយពលកម្មកុមារ និងពលកម្មដោយបង្ខំនានា។

ពាក់ព័ន្ធបញ្ហានេះ កាលពីខែសីហាឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចជាផ្លូវការក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធEBA ២០% ពីកម្ពុជា ជាផ្លូវការ ដែលធ្វើឱ្យកម្ពុជាត្រូវខាតប្រាក់បង់ពន្ធលើទំនិញប្រមាណ៤០ប្រភេទ ចំនួន១រយលានដុល្លារក្នុងមួយឆ្នាំ។

ការសម្រេចដាក់ទណ្ឌកម្មរបស់អឺរ៉ុបលើកម្ពុជានេះ ដោយពួកគេអះអាងថា កម្ពុជាបានដើរផ្ទុយពីលក្ខខណ្ឌនៃកិច្ចសន្យារបស់ខ្លួន ដែលធ្វើជាមួយអឺរ៉ុប ពិសេសការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ រំលោភសិទ្ធិការងារ ពិសេសបានបំផ្លាញគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យតែម្តង។

យ៉ាងណាអឺរ៉ុបបង្ហាញផ្លូវដល់កម្ពុជាថា នឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBA នេះពេញលេញឡើងវិញ ប្រសិនបើកម្ពុជាងាកមកដើរលើផ្លូវត្រូវ ពិសេសស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សពិតប្រាកដ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.