អង្គការអ្នកកាសែតគ្មានព្រំដែនទាមទារឱ្យរដ្ឋាភិបាលលុបចោលអនុក្រឹត្យ ស្តីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ

អង្គការអ្នកកាសែតគ្មានព្រំដែន  បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជា លុបអនុក្រឹត្យ ស្តីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» (National Internet Gateway)។

ការទាមទារនេះ  ដោយអង្គការនេះបានចាត់ទុកអនុក្រឹត្យនោះ នឹងផ្តល់ឱ្យអាជ្ញាធរកម្ពុជា រឹតបន្តឹង និងគ្រប់គ្រងលើប្រព័ន្ធអ៊ីនធឺណិត ពិសេសគឺសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាការដើរផ្ទុយពីគោលការណ៍ជាតិ និងអន្តរជាតិ។

ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានលើកឡើងថា អនុក្រឹត្យស្តីពី «ច្រកទ្វារអ៊ីនធឺណិត» ត្រូវតែលុបចោលវិញ ព្រោះនឹងធ្វើឱ្យប្រព័ន្ធអ៊ីនធឺណិតស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។

ការទាមទារនេះ ក្រោយពេលរដ្ឋាភិបាលលោកហ៊ុន សែន កាលពីថ្ងៃទី១៦ខែកុម្ភៈ បានចេញអនុក្រឹត្យ ស្តីពី «ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ» ដែលមាន១១ជំពូក និង១៩មាត្រា ។

បើតាមសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងប្រៃសណីយ៍ បានអះអាងថា ការរៀបចំបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ គឺក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលជាតិ ដោយផ្អែកលើគោលការណ៍ប្រកួតប្រជែងស្មើភាពគ្នា ស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋនិងប្រតិបត្តិករ ព្រមទាំងជួយទប់ស្កាត់នូវការលួចតភ្ជាប់បណ្តាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត រូបភាពអាសអាភាស និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ជាដើម។

យ៉ាងណា កាលពីថ្ងៃទី១៨ ខែកុម្ភៈ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចំនួន៤៦ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្រដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលគម្រោងត្រួតពិនិត្យលើអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាផងដែរ។

ការទាមទាររបស់អង្គការជាតិ និងអន្តរជាតិឱ្យរំលាយអនុក្រឹត្យនេះ ព្រោះពួកគេបារម្ភពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ពីសំណាក់រដ្ឋាភិបាល និងជាការយកលេសដើម្បីធ្វើទុក្ខបុកម្នេញទៅលើក្រុមដែលមានមតិប្រឆាំង ការដឹកនាំរបស់រដ្ឋាភិបាលលោកហ៊ុន សែន តែម្តង ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.