រដ្ឋាភិបាលកម្ពុជាថា នឹងមិនលើកលែងចំពោះអ្នកដែលមិនសហការក្នុងការទប់សា្កត់ជំងឺកូវីដ១៩ជាដាច់ខាត

រដ្ឋាភិបាលកម្ពុជា ព្រមានថា នឹងបណ្តេញជនបរទេសចេញពីកម្ពុជា និងដាក់ពិន័យធ្ងន់ធ្ងរលើពលរដ្ឋខ្មែរដោយគ្មានការលើកលែងប្រសិនបើពួកគេមិនព្រមសហការជាមួយរដ្ឋាភិបាលចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។

ការព្រមាននេះ ធ្វើឡើងបានពីការស្នើសុំការរឹតបន្តឹងការអនុវត្តច្បាប់បន្ថែមទៀតរបស់គណកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទៅលើអ្នកដែលមិនសហការ ឬល្មើសទៅនឹងសេចក្តីណែរនាំនានារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលបានប្រកាសទប់ស្កាត់ការរីករាលដាល ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ កាលពីពេលថ្មីៗនេះ។

ទីស្តីការគណរដ្ឋមន្ត្រី បានចេញលិខិត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា រដ្ឋាភិបាលកម្ពុជាបានយល់ព្រមឲ្យអនុវត្តវិធានការច្បាប់បន្ថែមចំពោះ បុគ្គល និងទីតាំងដែលមិនសហការនៅវិធានការដែលបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ ព្រឹត្តការណសហគមន៍ ២០កុម្ភៈ ដែលកំពុងផ្ទុះសារជាថ្មី និងមានល្បឿនលឿនក្នុងការចម្លង រួមជាមួយការបម្លែងថ្មីនៃវីរុសកូវីដ១៩ថ្មីនេះ ថែមទៀត។

លិខិតដដែលនោះ បញ្ជាក់ថា បុគ្គល ឬទីតាំងដែលបានល្មើសនឹងត្រូវពិន័យធ្ងន់ធ្ងរ ដូចជា ជនបរទេសនឹងត្រូវបណ្តេញចេញពីកម្ពុជា និងមិនអនុញាតិឲ្យវិលចូលទៅកម្ពុជាវិញជារៀងរហូត ដោយឡែក ចំពោះ ពលរដ្ឋខ្មែរនឹងត្រូវទទួលទោសតាមច្បាប់ដែលបានចែង លើសពីនេះ ទីតាំងប្រកអាជីវកម្មផ្សេងៗ នឹងត្រូវដកហូតអាជ្ញាប័ណ្ណ ព្រមទាំងបិទមិនឲ្យដំណើរបន្តទៀតផងដែរ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការអនុវត្តច្បាប់របស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍ ២០កុម្ភៈពិតជាត្រឹមត្រូវហើយ។ ប៉ុន្តែការអនុវត្តនេះត្រូវតែមានមានភាពស្នើគ្នាទាំងអស់ជៀសការអនុវត្តដោយការើសមុខ និងប្រកាន់បក្ខពួក។

លោកព្រមានថា ការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩នេះគឺជាមេរៀនមួយសម្រាប់រដ្ឋាភិបាលក្នុងការស្វែងយល់នៃប្រព្រឹត្តអំពើពុករលួយរបស់ខ្លួនដែលព្រឹត្តការណ៍សហគមន៍នេះក៏អាចកើតឡើងដោយសារតែ               មន្ត្រីរបស់ខ្លួនដែលទទួលសំណូករបស់គេរហូតមានការឆកល្វែងក្នុងការរឹតបន្តឹងដែលបណ្តាលឲ្យជំងឺកូវីដ១៩មានឱកាសកើតឡើងសារ ជាថ្មី។

គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៧៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៦២នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យរដ្ឋ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.