គណបក្ស GDPថា ការចេញវិធានការដើម្បីទប់ការឆ្លងនៃវីរុស Covid-19ពិតជាត្រឹមត្រូវហើយ តែសូមកុំអនុវត្តដោយការចាប់បង្ខំ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDPអះអាងថា លោកស្វាគមន៍រាល់វិធានការទប់ស្កាត់ជំងឺCovid-19នៅពេលនេះ ប៉ុន្តែរដ្ឋាភិបាលគួរប្រើពេលផ្សព្វផ្សាយ ដល់ពលរដ្ឋយ៉ាងហោចណាស់ឲ្យបានរយៈពេល ២៤ម៉ោង ដើម្បីឲ្យពួកគាត់ត្រៀមខ្លួន និងចាត់ចែងការងារមួយចំនួន មុនការអនុវត្តន៍ចាប់ផ្តើម។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយ ស្ដីពីការអនុវត្តវិធានការរដ្ឋបាលដាក់បម្រាមគោចរ ក្នុងទីក្រុងភ្នំពេញ ជាបណ្ដោះអាសន្ន រយៈពេល២សប្តាហ៍  កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ហាក់ដូចជាប្រញាប់ប្រញាល់ពេក ដោយបានចេញវិធានការនៅពេលព្រឹក ហើយចាប់ផ្តើមអនុវត្តនៅពេលយប់។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័តមាន The Cambodia Daily នៅថ្ងៃទី២ មេសា នេះថា ការចេញបម្រាមគោចរនេះ គឺជាវិធានការថ្មីបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងរយៈពេល ៣០ចុងក្រោយនេះដែលមិនធ្លាប់អនុវត្តបែបនេះទេ ដូច្នេះរដ្ឋាភិបាលគួរតែណែនាំ ផ្សព្វផ្សាយ និងជួយសម្រួលឲ្យបានច្រើនទៅដល់ប្រជាពលរដ្ឋ ជាជាងការអនុវត្តដោយបង្ខំ។

លោកអំពាវនាវឲ្យពលរដ្ឋចូលរួមអនុវត្តវិធានការនេះឲ្យបានត្រឹមត្រូវ ដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈឲ្យបានឆាប់ ដោយឡែករដ្ឋាភិបាល ត្រូវតែគ្រប់គ្រងចង្កោមអ្នកដែលវិជ្ជមានវីរុសCovid-19ពីព្រឹត្តិការណ៍សហគមន៍នេះឲ្យបានហ្មត់ចត់ជាទីបំផុត ដើម្បីបញ្ចៀសជំងឺឆ្លងនេះអាចបង្កើតចង្កោមថ្មីបន្តទៀត។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះ បានសម្រេចអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះ អាសន្ន រយៈពេល២សប្តាហ៍ គិតពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺCovid-19 នៅក្នុងទីក្រុងភ្នំពេញទាំងមូល។

វិធានការនេះ តម្រូវឲ្យ អាជីវករ និងប្រជាពលរដ្ឋទូទៅ ចូលរួមកាត់បន្ថយសកម្មភាពជួបជុំ នៅគ្រប់ទីកន្លែង ព្រមទាំងបានដាក់បម្រាមគោចរ គឺការធ្វើដំណើរក្នុងទីក្រុងភ្នំពេញ គ្រប់កន្លែងពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ។  លើសពីនេះ ប្រការ៣នៃសេចក្តីសម្រេចនេះបានចែងថា ប្រសិនបើបុគ្គលណាល្មើសនឹងវិធានការនេះ នឹងត្រូវទទួលទោសស្របតាមច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCovid-19 និងបទដ្ឋានគតិយុត្តិនានាជាធរមាន។

លោក ឃួង ស្រេង បញ្ជាក់ថា ចំពោះអ្នកបំពានបម្រាមគោចរនេះ នឹងត្រូវឃាត់យានយន្ត យកទៅរក្សាទុក ហើយតម្រូវឲ្យធ្វើចត្តាឡឺស័ក នៅផ្ទះរយ:ពេល១៤ថ្ងៃ ប្រសិនបើមិនអនុវត្តតាមការណែនាំនេះទៀត នោះសមត្ថកិច្ចនឹងចាត់វិធានការណ៍តាមច្បាប់ជាមិនខាន។ ចំណែកឯអ្នកដែលបំពេញការងារ ចេញក្រោយម៉ោង ៨:០០នាទីយប់ ត្រូវមានលិខិតបញ្ជាក់ និងត្រូវពាក់កាតជាប់ខ្លួន ចាប់ពីយប់ថ្ងៃទី២ ខែមេសា       ឆ្នាំ២០២១ នេះតទៅ។

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកលក់បន្លែ នៅផ្សារដើមគ និងអ្នកទិញលក់បន្ត ក្នុងរាជធានីភ្នំពេញ សូមទៅធ្វើលិខិតបញ្ជាក់ពី អាជ្ញាធរ ឬ ប្រធានផ្សារ ដើម្បីរួចពីបំរាមគោចរនេះឲ្យបានទាន់ពេល៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.