លោក សុខ ទូច ថា កូវីដ-១៩ មិនសាហាវទេព្រោះការពារបានប៉ុន្តែអ្វីដែលសាហាវគឺ មនុស្ស

មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា មនុស្សភាគច្រើនថា  ជំងឺកូវីដ-១សាហាវ ប៉ុន្តែអ្វីដែលសាហាវជាងកូវីដ-១៩នោះ គឺ«មនុស្ស» ពីព្រោះមនុស្សស៊ីទាំងសួតប្រមាត់ ថ្លើម ឈាម ដោយស៊ីទាំងខ្លាំងទាំងខ្សោយ ហើយស៊ីបំបាត់ជម្រករបស់គេថែមទៀត។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  លោក សុខ ទូច បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា កន្លងមក ទោះបីជាជំងឺកូវីដ-១៩ សាហាវ ដោយវាបានស៊ីសួត និងសម្លាប់មនុស្សក៏ពិតមែន ប៉ុន្តែមនុស្សអាចការពារ ដោយពាក់ម៉ាស សាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាព។

ចំណែកភាពសាហាវរបស់មនុស្សវិញ គឺមនុស្សស៊ីទាំងសួត ប្រមាត់ ថ្លើម ហើយនិងឈាមរបស់គេ ស៊ីទាំងខ្លាំង ស៊ីទាំងខ្សោយ ស៊ីហើយបំបាត់ជម្រករបស់គេបន្ថែមទៀត ដែលភាពសហាវទាំងនោះ មិនអាចទប់ស្កាត់បានឡើយ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះបន្តថា មនុស្សស៊ីត្រី លុបបឹង លុបសមុទ្រ មនុស្សស៊ីសាច់សត្វព្រៃដូចជា ឈ្លូស ប្រើស ហើយកាប់ព្រៃបំផ្លាញជម្រករបស់គេទៀត។ 

ក្រៅពីកាប់បំផ្លាញហើយ មនុស្សបានរុករានទៅដល់ក្រោមដី ដើម្បីយកហ្គាស យកធ្យូងថ្មមកប្រើ ដែលធ្វើឱ្យផែនដី មានការប្រែប្រួលអាកាសធាតុ បញ្ចេញជាតិពុលតាមរយៈឧស្ម័នកាបូនិច និងឧស្ម័នពុលដទៃទៀត តាមរយៈចំហេះពីរោងចក្រ ក៏ដូចជាគ្រឿងម៉ាស៊ីនជាច្រើន។

លោកបញ្ជាក់ថា  មនុស្សបានសម្លាប់មនុស្ស រហូតដល់សម្លាប់ជាតិសាសន៍ខ្លួនឯង ដោយគ្រាន់តែទំនាស់ផលប្រយោជន៍ ឬមនោគមន៍វិជ្ជា ករណីនេះ លោកថា  មនុស្សសាហាវជាងកូវីដ-១៩ រាប់ពាន់ដង។

លោក សុខ ទូចបន្តថា  ទោះបីជំងឺកូវីដ-១៩ សាហាវតែមនុស្សអាចទប់ស្កាត់បាន តាមរយៈការពាក់ម៉ាស លាងដៃដោយសាប៊ូ អាល់កុល ឬជែល រស់នៅដោយរក្សាគម្លាតក្នុងសង្គម ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នោះដោយអាចនឹងយកឈ្នះលើជំងឺកូវីដបានដោយងាយ ប៉ុន្តែសកម្មភាពដែលមនុស្សបានប្រព្រឹត្ត មិនងាយនឹងបញ្ចប់នោះឡើយ។

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ប្រធានរាជបណ្ឌិត្យសភារកម្ពុជាលោកបណ្ឌិត សុខ ទូច បានលើកឡើងថា ក្រពះអ្នកស្រែ អស់ត្រឹមតែរូងក្តាមប៉ុណ្ណោះ ប៉ុន្តែបើជាក្រពះឧកញ៉ាវិញ មិនមែនអស់រូងក្តាមទេ គឺអាចអស់បឹងបួរ អស់ភ្នំ ឬក៏អស់រហូតដល់ព្រៃឈើឯណោះ ជាងនេះទៀត បើក្រពះប្រធានាធិបតីទៀតនោះ អាចនឹងអស់ប្រទេសទាំងមូលថែមទៀតផងដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.