សកម្មជនបក្សប្រឆាំងថា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នឹងបន្តចុះចូលជាមួយគណបក្សកាន់អំណាច ៥នាក់បន្ថែមទៀត

ប្រភពពីមន្រ្តីគណបក្សប្រជាជនកម្ពុជាឲ្យដឹងថា យ៉ាងហោចណាស់នឹងមានមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ចំនួន៥រូបបន្ថែម ឬអាចលើសពីនេះ នឹងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់ ក្នុងឆ្នាំ២០២២ ខាងមុខ។

អតីតសកម្មជនដែលបានចុះចូលជាមួយគណបក្សកាន់អំណាចបានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នេះថា ក្នុងចំណោមសកម្មជន និងមន្ត្រីបក្សប្រឆាំងដែលគ្រោងនឹងចុះចូលនាពេលខាងមុខនេះ ក៏មានបងប្រុសរបស់ លោក ឃាន វិសេស ដែលទើបចុះចូលជាមួយគណបក្សកាន់អំណាចកាលពីពេលថ្មីៗនេះផងដែរ។

សាព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក ឃាន វិសេស ឬបងប្រុសរបស់លោក ឃាន វិសេស ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះនៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយប្រភពដដែលឲ្យដឹងទៀតថា នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ខាងមុខនេះ គណបក្សតូចៗចំនួន២ទៀតនឹងត្រូវបង្កើតឡើង ដោយអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង។

អតីតសកម្មជនបក្សប្រឆាំងដែលបានចុះចូលជាមួយបក្សកាន់អំណាចរូបនេះ បញ្ជាក់ទៀតថា អតីតមន្ត្រីបក្សប្រឆាំងទាំងឡាយណាដែលបានចុះចូលជាមួយគណបក្សកាន់អំណាច ត្រូវគេតម្រូវឲ្យមកអន្ទង និងបញ្ចុះបញ្ចូលមន្ត្រីបក្សប្រឆាំងផ្សេងទៀតតាមគ្រប់រូបភាព ជាថ្នូរនឹងការផ្តល់ឲ្យនូវ សម្បទានយោបាយឡើងវិញ ក្រោយពេលពួកគេចាកចេញពីបក្សប្រឆាំងទៅរួមរស់ជីវភាពនយោបាយ ជាមួយបក្សកាន់អំណាច។

ការអះអាងនេះធ្វើឡើងស្របពេលអតីតមន្ត្រីជាន់ខ្ពស់ និងសកម្មជន គណបក្សសង្គ្រោះជាតិ មួយចំនួនបាននាំគ្នាចាកចេញពីបក្សប្រឆាំងទៅចុះចូលជាមួយគណបក្សកាន់អំណាចជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា មិនចម្លែកទេ និន្នាការដើរចេញពីបក្សប្រឆាំងនៃក្រុមមន្ត្រីទាំងនោះ ពីព្រោះនេះគឺជាល្ខោននយោបាយ របស់លោក សម រង្ស៊ី ដែលធ្វើឡើងដើម្បីតែដណ្ដើមមុខលើវេទិកាផ្សព្វផ្សាយព័ត៌មាន ជាជាងមានគោលប្រតិបត្តិនយោបាយច្បាស់លាស់ ដើម្បីប្រកួតតទល់នឹងលោក ហ៊ុន សែន។

លោកអះអាងថា ចាប់តាំងពីព្រឹត្តិការណ៍ ៩វិច្ឆិកា២០១៩ នោះមក ក្រុមប្រឆាំងដើរដល់ចរន្តបញ្ច្រាសទិសគ្នា ពិបាកផ្សះផ្សាទៅហើយ រីឯសារនយោបាយ ដូចជាពាក្យ សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ គ្រាន់តែជាល្ខោនសូត្រ កំដរឆាកសម្ដែងនយោបាយ របស់ភាគីលោក សម រង្ស៊ី ដើម្បីលួងចិត្តអ្នកគាំទ្រប៉ុណ្ណោះ តែការពិត ពួកគេរៀបបណ្ដាញវាយលុកលើលោក កឹម សុខា ដែលជាប្រធានបក្សយ៉ាងអសីលធម៌រួចទៅហើយ។

លោក គឹម សុខ បញ្ជាក់ថា គ្មានវិធីទប់ស្កាត់ការដើរចេញរបស់ពួកមន្ត្រីបក្សប្រឆាំងនោះទេ ពីព្រោះពួកមេដឹកនាំកំពូលៗ ធ្វើនយោបាយបែបកាងប្រយោជន៍ក្រុមពួក ក្នុងបក្ស ជាជាងហ៊ានធ្វើពលីកម្ម ដើម្បីបុព្វហេតុប្រជាធិបតេយ្យ។

ដូច្នេះមានតែប្រជាពលរដ្ឋម្ចាស់ប្រទេស គួរតាមដាននយោបាយរបស់ពួកមេដឹកនាំបក្សប្រឆាំងឲ្យហ្មត់ចត់ ហើយវាយតម្លៃឡើងវិញ ថាតើពួកគេសមជាបង្គោលនៃអ្នកប្រជាធិបតេយ្យ ឬអត់ តែប៉ុណ្ណោះ។

កាលពីចុងខែមីនា ឆ្នាំ២០២១ នេះ មានយុវជនអតីតគណបក្សសង្គ្រោះ ៣រូប ប្រចាំខេត្តព្រះសីហនុ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន កញ្ញា យូ ចាន់ធានី លោក ឃាន វិសេស និងកញ្ញា សៅ ឧសភា ហៅ សភា មយូរ៉ា។

ជាងនេះទៀត កាលពីចុង ឆ្នាំ២០២០កន្លងទៅ អតីតមន្ត្រីបក្សប្រឆាំងភាគីលោក សម រង្ស៊ី អ្នកស្រី លី ស្រីវីណា បានផ្ញើលិខិតទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

គិតត្រឹមខែមេសានេះ ឆ្នាំ២០២១ នេះ សកម្មជន និងអតីតមន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំង ជាង ២០នាក់ហើយ បានប្រកាសឈប់គាំទ្រគណបក្សសង្គ្រោះជាតិ។ អ្នកខ្លះបាននាំគ្នាទៅចុះចូលជាមួយគណបក្សកាន់អំណាច និងខ្លះទៀតទៅបង្កើតបក្សថ្មីៗដោយខ្លួនឯង។

មកទល់នឹងពេលនេះ គណបក្សដែលបង្កើតឡើងដោយអតីតមន្ត្រីបក្សប្រឆាំងមានចំនួន៤ ហើយ ខណៈ ២គណបក្សទៀតគ្រោងនឹងបង្កើតដោយមន្ត្រីបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងចាកចេញបន្ថែមទៀត នាពេលដ៏ខ្លីខាងមុខនេះ។

សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក សម រង្ស៊ី ដើម្បីបំភ្លឺការលើកឡើងខាងនេះបាននៅឡើយ។

អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ ធ្លាប់ថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ថា យុវជនបក្សសង្គ្រោះជាតិ ដែលបានចុះចូល ជាមួយគណបក្សកាន់អំណាច គឺបណ្តាលមកពីកត្តាជីវភាព និងការគំរាមកំហែង ខណៈមន្ត្រីបក្សកាន់អំណាចអះអាងថា យុវជនទាំងនោះចូលរួម ដោយស្ម័គ្រចិត្ត និងមើលឃើញពីឧត្តមភាពរបស់គណបក្សប្រជាជនកម្ពុជាទៅវិញ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.