រដ្ឋបាលខេត្តព្រះសីហនុ ស្នើឲ្យពលរដ្ឋជាង ៤ពាន់នាក់ ត្រូវទៅតេស្តសំណាកជាបន្ទាន់ ក្រោយរកឃើញ អ្នករស់នៅទំនប់រលក ៦៣នាក់ ឆ្លងជំងឺCovid-19

រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ បានស្នើទៅពលរដ្ឋជាង ៤ពាន់នាក់  រស់នៅតំបន់ទំនប់រលក ចាប់ពីក្រុមទី០៦ ដល់ក្រុម៣២ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ត្រូវទៅធ្វើតេស្តរកជំងឺ Covid-19 ជាបន្ទាន់ ក្រោយពីក្រសួងសុខាភិបាល ប្រកាសថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នករស់នៅទំនប់រលកចំនួន ៦៣នាក់ បានឆ្លងជំងឺCovid-19 ជាបន្តបន្ទាប់។

ក្រុមការងារចម្រុះ នៃរដ្ឋបាលក្រុងព្រះសីហនុ និងមន្ត្រីរដ្ឋបាលសង្កាត់១ ក៏បានចុះស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋ រស់នៅតំបន់ទំនប់រលកទាំង ១៩ក្រុម សរុបមានចំនួនជាង ៤ពាន់នាក់ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើនេះ ត្រូវទៅយកសំណាក តេស្តរកជម្ងឺCovid-19 ឲ្យបានគ្រប់គ្នា នៅក្នុងបរិវេណសាលាអនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ចំពោះបងប្អូនពលរដ្ឋ ដែលមិនទាន់បានកត់ឈ្មោះយកសំណាក ក៏សូមអញ្ជើញមកជួបក្រុមការងារប្រចាំការ នៅបរិវេណសាលាអនុវិទ្យាល័យសាគូរ៉ា ចាប់ពីម៉ោង ០៨ព្រឹក ដល់ម៉ោង ០៤ល្ងាច ដើម្បីមានឈ្មោះយកសំណាកធ្វើតេស្តរកជម្ងឺ Covid-19 ឲ្យបានឆាប់បំផុត។

អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង បានស្នើយ៉ាងទទូចដល់ពលរដ្ឋរស់នៅតំបន់ដែលកំពុងមានជំងឺ Covid-19 ឆ្លងនោះ ឆាប់ទៅយកសំណាកបានទាន់ពេលវេលា ដើម្បីការពារ ឬក្រុមគ្រូពេទ្យព្យាបាលទាន់ពេលវេលា ប្រសិនបើមានឆ្លងជម្ងឺCovid-19 នៅដំណាក់កាលដំបូង គេចផុតពីសេចក្តីស្លាប់។ ការពិនិត្យទាន់ពេលវេលា គឺទប់ស្កាត់ការឆ្លងរីករាលដាលដល់សមាជិកគ្រួសារ និងអ្នកដទៃ ពិសេសទប់ស្កាត់ការឆ្លងជាសហគមន៍កាន់តែរីករាលដាលធំទៅៗ។

រដ្ឋបាលខេត្តព្រះសីហនុ បន្តចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីតាំងមានហានិភ័យខ្លាំង ហើយរដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទផ្លូវឆ្លងកាត់មុខផ្សារទំនប់រលក និងផ្លូវពាក់ព័ន្ធមួយចំនួនក្នុងមូលដ្ឋាននេះ ដើម្បីបង្ការការរីករាលដាលនៃជំងឺនេះ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រើនរំលឹកដល់ ពលរដ្ឋនៅខេត្តព្រះសីហនុ ជាពិសេសពលរដ្ឋរស់នៅតំបន់ទំនប់រលក រក្សាអនាម័យ រក្សាគម្លាតសង្គម ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍។ លោកថា ក្នុងករណីមិនចាំបាច់ សូមពលរដ្ឋកុំចាកចេញពីផ្ទះ ជាងនេះទៀត ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែមេសានេះ បានរកឃើញអ្នកឆ្លងជំងឺCovid-19 ថ្មីចំនួន ៦៣នាក់ និងមានអ្នកជាសះស្បើយចំនួន ៩៤នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៣នាក់ គឺសុទ្ធសឹងតែជាករណីឆ្លងសហគមន៍។ រួមមាន រាជធានីភ្នំពេញ ៣១នាក់ ខេត្តស្វាយរៀង ២២នាក់ ខេត្តព្រះសីហនុ ០៦នាក់ ខេត្តកោះកុង ០១នាក់ ខេត្តកំពង់ឆ្នាំង ០១នាក់ ខេត្តកណ្ដាល ០១នាក់ និងខេត្តព្រៃវែង ០១នាក់។

គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ករណីឆ្លងសហគមន៍បានកើនដល់ ២២២២នាក់។ ហើយសរុបអ្នកឆ្លងជំងឺCovid-19 នៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងសរុប ២៧៥២នាក់ អ្នកបានជាសះស្បើយចំនួន ១៧៤៧។  អ្នកកំពុងសម្រាកព្យាបាល ៩៧៩នាក់ និងអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ មានចំនួន២១នាក់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.